កាលបរិច្ឆេទ: ១២ សីហា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានជ្រើសរើសក្រុមហ៊ុនខនហ្វីរេលឱ្យទទួលបានជំនួយរហូតដល់ឆ្នាំ២០២៥ ពីកម្មវិធីត្រៀមខ្លួនសម្រាប់ការនាំចេញដែលបង្កើតឡើងដើម្បីធ្វើឱ្យការត្រៀមខ្លួនសម្រាប់ការនាំចេញកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនសហគ្រាសចំនួនដប់នៅក្នុងវិស័យឯកជនផ្នែកឧស្សាហកម្ម កសិកម្ម និងកសិ-ចំណីអាហារ។ ការនាំចេញផ្តោតសំខាន់ទៅលើផលិតផលគ្រាប់ស្វាយចន្ទី អង្ករ គ្រឿងទេស ផ្លែឈើក្រៀម និងផលិតផលកែច្នៃចេញពីផ្លែឈើ។ គោលបំណងរបស់កម្មវិធី CAPRED គឺពង្រឹងសមត្ថភាពនាំចេញរបស់ក្រុមហ៊ុនសហគ្រាសទាំងនោះ ជួយកែលម្អលទ្ធភាពទទួលបានទីផ្សារនាំចេញ និងឧបត្ថម្ភជាថវិកាសម្រាប់ការផលិត និងការពង្រីកទីផ្សារ។
កាលពីពាក់កណ្តាលឆ្នាំ២០២៣ CAPRED បានរៀបចំទស្សនកិច្ចសិក្សាទៅប្រទេសអូស្រ្តាលីជាមួយក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមចំនួន១៤ ដើម្បីបំពេញកង្វះខាតចំណេះដឹងផ្នែកទីផ្សារ និងការធ្វើពិពិធកម្មទីផ្សារ (ទីផ្សារចម្រុះ)។ ក្រុមហ៊ុនសហគ្រាសផលិតចំណីអាហារដែលត្រូវបានជ្រើសរើសដោយកម្មវិធីនេះអាចមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលអាចក្លាយជាអតិថិជនរបស់ខ្លួននៅប្រទេសអូស្រ្តាលី។ ក្នុងចំណោមក្រុមហ៊ុនសហគ្រាសទាំងនោះ មួយចំនួនធំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬចាប់ផ្តើមចរចារពីកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្ម ក្នុងឱកាសទស្សនកិច្ចសិក្សានោះតែម្តង។
បន្ទាប់ពីទស្សនកិច្ចសិក្សានេះ កម្មវិធីត្រៀមខ្លួនសម្រាប់ការនាំចេញក៏ត្រូវបានបង្កើតឡើងដោយផ្តោតទៅលើចំណុចបីសំខាន់ៗគឺ ទីមួយពង្រឹងលទ្ធភាពនាំចេញតាមរយៈការពង្រឹងចំណេះដឹងផ្នែកទីផ្សារ និងពង្រឹងសមត្ថភាព ទីពីរការចុះមើលទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់ទាំងបួន និងទីបីគឺសិទ្ធិទទួលបានជំនួយសម្រាប់ការត្រៀមខ្លួននាំចេញ។ កម្មវិធីនេះផ្តោតសំខាន់ទៅលើទីផ្សារអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស ប្រទេសហូឡង់ បារាំង និងអូស្រ្តាលី។
ក្រៅពីលក្ខខណ្ឌមួយចំនួនហើយ ដើម្បីទទួលបានជំនួយ ក្រុមហ៊ុនសហគ្រាសដែលកម្មវិធីបានជ្រើសរើស ត្រូវបង្ហាញថា ខ្លួនជាក្រុមហ៊ុនសុច្ចរិត និងមានក្រមសីលធម៌ខ្ពស់ បង្ហាញថាខ្លួនចាប់អារម្មណ៍ និងអាចសម្របខ្លួនបានចំពោះភាពខុសគ្នារវាងវប្បធម៌ ភេទ សាសនា ជាតិសាសន៍ ប្រទេស និងអាយុ គោរពមនុស្សទូទៅស្មើៗគ្នា ដោយគ្មានរើសអើង ប្រកាន់បក្សពួក មិនអត់ឱនឱ្យជាដាច់ខាតរាល់ទង្វើណាដែលពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ គោរពច្បាប់សង្គម និងនយោបាយការពារសិទ្ធិកុមាររបស់ក្រសួងការបរទេសអូស្រ្តាលី។
CAPRED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសអូស្រ្តាលីនៅកម្ពុជា។ ឧបត្ថម្ភដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម កម្មវិធីនេះនឹងផ្តល់ជំនួយរហូតដល់ឆ្នាំ២០២៧ ដោយផ្តោតសំខាន់ទៅលើការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សភាគច្រើនលើសលប់នៅក្នុងសង្គម និងទៅលើការពង្រឹងភាពធន់ និងនិរន្តរភាពផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលប្រាំឆ្នាំខាងមុខនេះ៕