គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសផលិតឱសថប៉េប៉េអឹមនៅតែទទួលបានពិន្ទុៈខ្ពស់សម្រាប់បទដ្ឋានការអនុវត្តផលិតកម្មល្អ

កាលបរិច្ឆេទ: ០៦ ធ្នូ ២០២១ / សុខភាព

ការចុះត្រួតពិនិត្យប្រចាំឆ្នាំសម្រាប់បទដ្ឋានការអនុវត្តផលិតកម្មល្អនៅសហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវបានធ្វើឡើងកាលពីពាក់កណ្តាលខែវិច្ឆិកា ដោយក្រុមការងារមកពីក្រសួងសុខាភិបាល ដឹកនាំដោយលោកឱសថការីហួត សេងថុង អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។

ក្រុមហ៊ុនសហគ្រាសណាដែលទទួលបានសិទ្ធិផលិតត្រូវតែផលិតនូវផលិតផលដែលសមស្របនឹងការប្រើប្រាស់ ឆ្លើយតបទៅនឹងលក្ខខណ្ឌដែលមានចែងនៅក្នុងអាជ្ញាបណ្ណប្រកបអាជីវកម្ម និងត្រូវតែជាផលិតផលដែលមិនបង្កហានិភ័យដល់សុខភាព សុវត្ថិភាពរបស់អ្នកប្រើប្រាស់។ ទាក់ទិននឹងបញ្ហានេះ បទដ្ឋានការអនុវត្តផលិតកម្មល្អបានកំណត់ប្រភេទនៃហានិភ័យចំនួនពីរគឺ ទីមួយហានិភ័យនៃការចម្លងរោគនៃផលិតផល ទីពីរហានិភ័យនៃការច្រឡំជាពិសេសទាក់ទិននឹងការដាក់ស្លាក និងការពណ៌នាពីធាតុផ្សំនៃផលិតផល។ បទដ្ឋាននេះសង្កត់ធ្ងន់ទៅលើអនាម័យ និងការរៀបចំនៅគ្រប់តំណាក់កាលនៃការផលិត។

បន្ទាប់ពីត្រួតពិនិត្យលើផ្នែកសង្វាក់ផលិតកម្ម មន្ទីរពិសោធន៍ និងវិភាគ ឃ្លាំងស្តុកទំនិញ និងឯកសារផ្សេងៗរួចហើយ ក្រុមការងារត្រួតពិនិត្យមកពីក្រសួងបានប្រកាសពីមោទកភាពរបស់ខ្លួនថា តាមរយៈសហគ្រាសផលិតឱសថប៉េប៉េអឹម ប្រទេសកម្ពុជាមានរោងចក្រផលិតឱសថដែលឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ ជាពិសេសក្រុមការងារសម្តែងក្តីសប្បាយរីករាយដោយឃើញគ្រឿងបរិក្ខារទំនើបៗនៅមន្ទីរពិសោធន៍របស់សហគ្រាស៕