គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វិស័យកសិកម្មកម្ពុជាមិនអាចទាក់ទាញចំណាប់អារម្មណ៍យុវជនទើបជាប់បាក់ឌុបបានទេ

កាលបរិច្ឆេទ: ០៤ កុម្ភៈ ២០២២ / កសិកម្ម

ការងារស្អីក៏បានលើកលែងតែធ្វើស្រែ។ អត្ថបទសារព័ត៌មានមួយបានចុះផ្សាយថា ប្រធានសមាគមគ្រូបង្រៀនម្នាក់បានលើកឡើងថា យុវជនដែលទើបតែជាប់បាក់ឌុបចាប់អារម្មណ៍តិចតួចណាស់ទៅលើវគ្គបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាផ្នែកកសិកម្ម។ អ្នកស្រីពន្យល់ថា មកពីការងារលំបាកហើយទទួលបានប្រាក់ចំណូលទាប។ ភាគច្រើន យុវជនទាំងនោះសុខចិត្តជ្រើសរើសយកមុខជំនាញពេទ្យ ព័ត៌មានវិទ្យា ផ្នែកឌីសាញ ឬក៏អ្នកគ្រប់គ្រងផ្នែកទីផ្សារ ជាជាងជ្រើសរើសយកជំនាញបច្ចេកទេសផ្នែកកសិកម្ម។ ពួកគេចូលចិត្តរស់នៅទីក្រុងច្រើនជាងនៅជនបទ។

ខណៈពេលដែល៨០%នៃប្រជាជនខ្មែររស់នៅតាមជនបទ ហើយ៦៥%ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម នេសាទ និងអនុផលព្រៃឈើសម្រាប់ផ្គង់ផ្គង់ជីវភាពគ្រួសារនោះ ប្រាក់ចំណូលរបស់កសិករនៅមានកម្រិតទាបនៅឡើយ មូលហេតុជាពិសេសនោះគឺផលិតផលក្នុងស្រុកទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការនាំចូលផលិតផលមកពីក្រៅ។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(Usaid) កត់សម្គាល់ថា «វិស័យកសិកម្មអាចជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា»។ ទីភ្នាក់ងារនេះបានបន្ថែមទៀតថា «ប៉ុន្តែកម្ពុជាត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃការផលិត និងក្រោយការផលិត កែលម្អបរិយាកាសពាណិជ្ជកម្ម និងបង្កើនសមត្ថភាពសេវាកម្មហិរញ្ញវត្ថុឲ្យបានទៅដល់សហគ្រិននៅតាមជនបទ»។

តែថាដើម្បីសម្រេចឲ្យបានគោលដៅមួយក្នុងចំណោមគោលដៅទាំងបីនេះ កម្ពុជាត្រូវការអ្នកបច្ចេកទេសផ្នែកកសិកម្មនៅនឹងកន្លែងផ្ទាល់ នៅតាមវាលស្រែ និងនៅតាមរោងចក្រកែច្នៃ និងវេចខ្ចប់។

កាលពីចុងឆ្នាំមុន ក្រុមហ៊ុនខនហ្វីរេលទទួលបានពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១។ ពានរង្វាន់នេះគឺជាការតបស្នងចំពោះក្រុមហ៊ុនដែលបានធ្វើការដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈការច្នៃប្រឌិត និងការដាក់ឲ្យដំណើរការនៅលើទីផ្សារនូវផលិតផលប្រកបដោយគុណភាពខ្ពស់ និងដែលអាចប្រកួតប្រជែងបាននៅលើទីផ្សារអន្តរជាតិ និងទីបញ្ចប់ចូលរួមបង្កើនប្រាក់ចំណូលរបស់កសិករ។

ជាការពិតណាស់ ក្រុមហ៊ុនអាចសម្រេចគោលបំណងរបស់ខ្លួនបានក៏ដោយសារមានវត្តមានវិស្វករផ្នែកការងារស្រាវជ្រាវ និងផលិត ផ្នែកមន្ទីរពិសោធន៍ ប្រធានផ្នែកគ្រប់គ្រងទីផ្សារ និងអ្នកជំនាញផ្នែកលក់ផងដែរ។

ប៉ុន្តែ ចាំបាច់ក៏ត្រូវមានអ្នកបច្ចេកទេសដែលមានចំណេះដឹងខ្ពស់ផ្នែកការដាំដុះនៅនឹងកន្លែងផ្ទាល់ ដែលចេះប្រើប្រាស់ជី និងឧបករណ៍ទំនើបៗផងដែរ បើមិនដូច្នោះទេ ក្រុមហ៊ុនក៏មិនអាចទទួលបានផលិតភាព គុណភាព និងភាពប្រកួតប្រជែងបានដែរ។ ដូច្នេះ តួអង្គទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងវិស័យកសិកម្មមិនត្រូវមើលរំលងឡើយចំពោះការមិនចាប់អារម្មណ៍របស់យុវជនដែលទើបទទួលបានសញ្ញាបត្របាក់ឌុបទៅលើវិស័យនេះ ព្រោះថាចាំបាច់កម្ពុជាត្រូវតែមានឯករាជ្យភាពផ្នែកចំណីអាហារ៕