កាលបរិច្ឆេទ: ០៧ វិច្ឆិកា ២០២៣ / ម្ហូបអាហារ
កាលពីថ្ងៃទី២១ តុលាកន្លងទៅនេះ នៅផ្សារបារាំងក្រុមហ៊ុនខនហ្វីរេលបានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាក្នុងបរិវេណស្ថានទូតបារាំងនាទីក្រុងភ្នំពេញ។
ព្រឹត្តិការណ៍ទីផ្សារបារាំងដែលត្រូវបានរៀបចំឡើងលើកទីមួយកាលពីឆ្នាំ២០១៩ មានអ្នកចូលរួមប្រមាណ៧៥០០នាក់ (មុនជំងឺរាតត្បាត) ហើយនៅលើកទីពីរគឺមានអ្នកចូលរួម៥៥០០នាក់។ ចំណែកឯលើកទីបីនេះវិញ មានមនុស្សរហូតដល់១៣ ៥០០នាក់ឯណោះ ដែលបានដើរមើលស្តង់តាំងផលិតផលចំនួន៧០(ចំនួនអ្នកចូលរួមពិតជាច្រើនលើសលប់)។ អ្នករៀបចំកម្មវិធីព្យាយាមស្វែងយល់ពីមូលហេតុនៃភាពជោគជ័យនេះ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាគឺលោក Jacques Pellet និងឯកឧត្តមឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកាត់ខ្សែបូបើកសម្ពោធព្រឹត្តិការណ៍ផ្សារបារាំងនៅឆ្នាំនេះ។
ជាពិសេសគ្រួសារខ្មែរ និស្សិត និងជនជាតិបរទេសដែលរស់នៅស្រុកខ្មែរយ៉ាងច្រើនកុះករបានចូលទស្សនាស្តង់របស់ក្រុមហ៊ុនសហគ្រាស អង្គការ ស្ថាប័ននានាដែលមានទំនាក់ទំនងជាមួយនឹងប្រទេសបារាំង។ ផ្លូវធំក្នុងបរិវេណសួនច្បារស្ថានទូត មានមនុស្សកកកុញស្ទើរតែពេញមួយថ្ងៃ។
ចំណែកឯនៅស្តង់របស់ក្រុមហ៊ុនខនហ្វីរេល មានភ្ញៀវចូលមើលជាច្រើន ខ្លះជាភ្ញៀវថ្មី ខ្លះទៀតជាភ្ញៀវដែលធ្លាប់ស្គាល់ផលិតផលរបស់ក្រុមហ៊ុនរួចមកហើយ។ ពួកគេបានចូលភ្លក្សផលិតផលរបស់ក្រុមហ៊ុនដែលជាផលិតផលខ្មែរសុទ្ធសាធ។ ក្នុងចំណោមផលិតផលទាំងនោះ មានតែត្រជាក់កញ្ចុំផ្កាម្រេចលាយជាមួយស្លឹកគ្រៃ ម្សៅប្រហុកម៉ាក Kiril សម្រាប់ប្រើធ្វើជាប្រហុកខ្ទិះ ដំណាប់ស្វាយរមូរ និងដំណាប់ (Thnotala) សម្រាប់បៀកជាមួយចំណិតនំប៉័ងធ្វើពីផ្លែស្វាយ និងពីផ្លែកាកាវលាយជាមួយស្ករត្នោតដែលនឹងត្រូវដាក់លក់នៅលើទីផ្សារឆាប់ៗនេះហើយ។
ការដាក់តាំងបង្ហាញជាមួយនឹងការដាក់ឲ្យភ្លក្ស និងលក់ផលិតផលនៅនឹងកន្លែងផ្ទាល់ជាឱកាសមួយសម្រាប់ក្រុមហ៊ុនខនហ្វីរេលដើម្បីបង្ហាញខ្លួនជាថ្មីម្តងទៀតទៅដល់មនុស្សជាច្រើន និងដើម្បីឲ្យគេស្គាល់ពីផលិតផលរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ៕