គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

យូណេស្កូជ្រើសរើសទីក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតម្ហូបអាហារ

កាលបរិច្ឆេទ: ០៧ វិច្ឆិកា ២០២៣ / ម្ហូបអាហារ

កាលពីថ្ងៃទី៣១ តុលាកន្លងទៅនេះ បាត់ដំបងបានក្លាយជាទីក្រុងច្នៃប្រឌិតទីមួយនៅកម្ពុជាផ្នែកម្ហូបអាហារ។ អង្គការយូណេស្កូបានគូសបញ្ជាក់ថា៖ «ការក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ គឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលយ៉ាងយូររបស់ទីក្រុងបាត់ដំបងក្នុងការប្រើប្រាស់វប្បធម៌ និងគំនិតច្នៃប្រឌិតដើម្បីអភិវឌ្ឍក្រុងប្រកបដោយនិរន្តរភាព»។

ការដាក់បញ្ជូលទីក្រុងបាត់ដំបងទៅក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូមិនត្រឹមតែលើកតម្លៃមុខម្ហូបដ៏វិសេសវិសាលរបស់ក្រុងមួយនេះទេ គឺថែមទាំងបានចូលរួមពង្រឹងការអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តោះផ្តូរវប្បធម៌នៅលើពិភពលោកផងដែរ។

មុខម្ហូបប្រចាំតំបន់ជាពិសេសគឺណែមបាត់ដំបង ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង បុកល្ហុងបាត់ដំបង កន្ទុយហេសបាត់ដំបង សំបកណែមបាត់ដំបង ទឹកគ្រឿងបាត់ដំបងសុទ្ធសឹងជាមុខម្ហូបដ៏មានប្រជាប្រិយភាពជាងគេនៅបាត់បំដង និងដែលបានធ្វើឲ្យមេប្រយោគអង្គការយូណេស្កូចាប់ចិត្តយ៉ាងខ្លាំង។

ក្នុងនាមជាអ្នកផលិត និងអ្នកផ្សព្វផ្សាយផលិតផលដែលជាកំណប់ទ្រព្យជនបទខ្មែរដែលបានចូលរួមធ្វើឲ្យម្ហូបខ្មែរកាន់តែមានរសជាតិឆ្ងាញ់នោះ ក្រុមហ៊ុនខនហ្វីរេលមានក្តីសោមនស្សរីករាយណាស់ដោយឃើញម្ហូបខ្មែរត្រូវបានលើកតម្កើងនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត។

ក្នុងឱកាសទិវាក្រុងពិភពលោក បើរាប់បញ្ជូលទាំងទីក្រុងបាត់ដំបងផងនោះ គឺមានទីក្រុងទាំងអស់ចំនួន៥៥ដែលជាប់ជាទីក្រុងច្នៃប្រឌិតម្ហូបអាហាររបស់អង្គការយូណេស្កូ។ ដូច្នេះសរុបទាំងអស់គឺមានទីក្រុងចំនួន៣៥០ហើយដែលបានក្លាយជាបណ្តាញទីក្រុងច្នៃប្រឌិត ស្ថិតក្នុងប្រទេសជាងមួយរយ ក្នុងវិស័យច្នៃប្រឌិតចំនួន៧ គឺផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ ផ្នែកឌីសាញ ផ្នែកភាពយន្ត ផ្នែកម្ហូបអាហារ ផ្នែកអក្សរសិល្ប៍ ផ្នែក សិល្បៈដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យា និងផ្នែកតន្រ្តី៕