គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពិធីបើកសម្ពោធបណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈនៃវិទ្យាល័យជីហែក្នុងខេត្តកំពង់ចាម

កាលបរិច្ឆេទ: ០៨ មេសា ២០២២ / ម្ហូបអាហារ

កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ពិធីបើកសម្ពោធបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈក្នុងវិទ្យាល័យជីហែត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមខៀវ កញ្ញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីសំណាក់ឯកឧត្តមកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ និងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ ព្រមទាំងលោកហុក​ សុទ្ធិ ប្រធានអង្គការស៊ីប៉ា។

តាមពិតបណ្ណាល័យនេះបានបើកទ្វារដំណើរការតាំងពីខែមករា ឆ្នាំ២០២០មកម្ល៉េះ តែកាលណោះពិធីសម្ពោធជាផ្លូវការត្រូវបានអាក់ខានទៅវិញ ដោយសារវិបត្តិជំងឺកូវីដ១៩។

ពិធីនេះត្រូវបានរៀបចំឡើងស្របពេលជាមួយគ្នានឹងការរៀបចំពិព័រណ៍មុខរបរដែលរៀបចំឡើងដោយអង្គការស៊ីប៉ាផងដែរ។ ក្នុងឱកាសពិព័រណ៍នេះដែរក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុនសហគ្រាសប្រមាណជាងដប់ក្នុងនោះក៏មានក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលផងដែរ​ ដែលបានធ្វើការបង្ហាញពីសកម្មភាព និងមុខរបររបស់ខ្លួនទៅដល់សិស្សានុសិស្សប្រមាណជាងពីររយនាក់។

ក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភជាថវិកាពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង និងអតីតសិស្សនៅវិទ្យាល័យជីហែ និងការចូលរួមពីមូលនិធិគីណាល់ ការងារជួសជុលអគារ​ និងការបំពាក់គ្រឿងបរិក្ខារត្រូវបានចាប់ផ្តើមដំណើរការកាលពីខែមេសា ឆ្នាំ២០១៩។ បន្ទប់សិក្សាចំនួនបួនដែលមានសភាពទ្រុឌទ្រោមទៅហើយនោះត្រូវបានជួសជុសកែលម្អឲ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ។