គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់គីណាល់២០២៣ចាប់ផ្តើមហើយ

កាលបរិច្ឆេទ: ០៩ មិថុនា ២០២៣

កាលពីថ្ងៃទី២១ ឧសភា កន្លងទៅនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ និស្សិតផ្នែកឱសថសាស្រ្ត និងវេជ្ជសាស្រ្តប្រមាណ៧០រូបនៅទីក្រុងភ្នំពេញបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបស្រាវជ្រាវបែបវិទ្យាសាស្រ្តសម្រាប់ពានរង្វាន់គីណាល់២០២៣ដែលមានប្រធានបទ «ទំនាក់ទំនងរវាងស្រ្តេស និងការឈឺចាប់»។

ក្រោយពីបានផ្អាកអស់រយៈពេលបីឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ មូលនិធិគីណាល់ដែលជាតួអង្គសំខាន់នៃនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ក៏បានចាប់ផ្តើមពានរង្វាន់នេះសាជាថ្មី ក្នុងបំណងជំរុញលើកទឹកចិត្តយុវនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលឲ្យមានគំនិតស្រាវជ្រាវ និងច្នៃប្រឌិត។

វគ្គបណ្តុះបណ្តាលនេះមាន​ការ​ចូលរួម​ធ្វើ​បទ​បង្ហាញដោយលោកសាកេត សីលា ជំនួយការលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងជាស្ថាបនិកមូលនិធិគីណាល់ ក្នុងបំណងជួយតម្រង់ទិសដល់និស្សិតសម្រាប់ការងារស្រាវជ្រាវរបស់ពួកគេនៅថ្ងៃខាងមុខ ក្នុងក្របខ័ណ្ឌពានរង្វាន់គីណាល់ ជាពិសេសផ្តោតទៅលើការប្រមូលទិន្នន័យ និងការធ្វើបទបង្ហាញ។

ការប្រលងប្រជែងដណ្តើមពានរង្វាន់ត្រូវធ្វើឡើងជាពីរតំណាក់កាលធំៗ។ តំណាក់កាលទី១ បេក្ខជនត្រូវណែនាំពីគម្រោងស្រាវជ្រាវរបស់ខ្លួនទៅដល់គណៈមេប្រយោគ។ លុះដល់ថ្ងៃទី២៨ មិថុនា គណៈមេប្រយោគនឹងធ្វើការជ្រើសរើសនិស្សិតចំនួន១៥ក្រុមដើម្បីទៅចូលរួមនៅវគ្គផ្តាច់ព្រ័ត្រ។ នៅតំណាក់កាលចុងក្រោយ បេក្ខជនត្រូវឡើងធ្វើបទបង្ហាញផ្ទាល់មាត់ពីការងារស្រាវជ្រាវរបស់ខ្លួន និងឆ្លើយសំណួរគណៈមេប្រយោគ នៅថ្ងៃទី១៦ ធ្នូ។ មានន័យថា បេក្ខជនមានរយៈពេលប្រាំខែដើម្បីធ្វើការងារស្រាវជ្រាវ។

កាលពីថ្ងៃទី២៦ ឧសភា ក្រុមការងាររៀបចំពានរង្វាន់គីណាល់បានចុះផ្សព្វផ្សាយព័ត៌មានស្តីពីពានរង្វាន់នេះទៅដល់និស្សិតនៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

និស្សិតប្រមាណ២៦ក្រុមបានចុះឈ្មោះចូលរួមប្រលងប្រជែងដណ្តើមពានរង្វាន់គីណាល់ដែលជ័យ​លាភីលេខ១ មានទឹកប្រាក់៤.០០០.០០០ រៀល ជ័យលាភី​លេខ២ ចំនួន ២.០០០.០០០ រៀល និងជ័យលាភីលេខ៣ ១.០០០.០០០​ រៀល។

កាលពីឆ្នាំ២០១៩ដែលជាការប្រលងប្រជែងដណ្តើមពានរង្វាន់លើកទី៧ ក្រោមប្រធានបទ «ការវិវត្តនៃការព្យាបាលជំងឺឈឺចុកចាប់ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន» មាននិស្សិតចូលរួមចំនួន២០ក្រុម។ កាលណោះ ក្រុមនិស្សិតដែលទទួលបានជ័យលាភីទាំងបីបានជ្រើសរើសប្រធានបទដូចតទៅៈ

ជ័យលាភីលេខ១៖ ​«ការសិក្សាពីការប្រើប្រាស់ឱសថបុរាណខ្មែរសម្រាប់ព្យាបាលឈឺមុខរបួសនៅសម័យខ្មែរក្រហមបើធៀបមកស្ថានភាពបច្ចុប្បន្ននៅក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម»។

ជ័យលាភីលេខ២៖ «ការវិវត្តនៃការព្យាបាលជំងឺឈឺធ្មេញសម្រាប់ក្មេងអាយុក្រោម១២ឆ្នាំ»។

ជ័យលាភលេខ៣៖​«ការវិវត្តនៃការព្យាបាលជំងឺឈឺក្បាលគ្រប់ប្រភេទ និងកត្តាពាក់ព័ន្ធដែលកើតឡើងចំពោះនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ»៕