កាលបរិច្ឆេទ: ០៤ កុម្ភៈ ២០២២ / ម្ហូបអាហារ
កាលពីខែមករាកន្លងមកនេះ សហគមន៍ជនជាតិព្នងនៅខេត្តមណ្ឌលគិរីបានប្រារព្ធខួបមួយឆ្នាំនៃការចុះឈ្មោះ «ទឹកឃ្មុំធម្មជាតិមណ្ឌលគិរី» ចូលក្នុងបញ្ជីផលិតផលសម្គាល់ភូមិសាស្រ្ត គឺជាផលិតផលក្នុងស្រុកទីបួនហើយដែលត្រូវបានក្រសួងចុះបញ្ជីក្នុងផលិតផលសម្គាល់ភូមិសាស្រ្ត បន្ទាប់ពីម្រេចកំពត ស្ករត្នោតខេត្តកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។
ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍នៅក្នុងកាសែតខ្មែរថាមស៍ថា មានសហគមន៍ទាំងអស់ចំនួន១១សហគមន៍ ដែលបានចូលរួមផលិតទឹកឃ្មុំធម្មជាតិ ក្នុងនោះ៩សហគមន៍ គឺរស់នៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច។ លោកបានឲ្យដឹងទៀតថា សហគមន៍មួយគឺអាចប្រមូលផលទឹកឃ្មុំបានរហូតដល់៥០តោនក្នុងមួយឆ្នាំ ហើយជាសរុប សហគមន៍ទាំងអស់នៅខេត្តមណ្ឌលគិរីអាចប្រមូលផលបានពី១៥០ ទៅ២០០តោនក្នុងមួយឆ្នាំ។
ទឹកឃ្មុំធម្មជាតិមណ្ឌលគិរីដែលខាប់ និងមានឱជារសនេះ នឹងត្រូវចែកចាយដោយក្រុមហ៊ុនខនហ្វីរេលក្នុងពេលឆាប់ៗខាងមុខនេះហើយ ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់៕