កាលបរិច្ឆេទ: ១២ កុម្ភៈ ២០២៤ / កសិកម្ម / Author : Veng Thavong
អង្គភាពផ្តល់វិញ្ញាបនបត្រសរីរាង្គអន្តរជាតិ Ecocert SA បានផ្តល់វិញ្ញាបនបត្រជាថ្មីកាលពីចុងខែមករាដល់ក្រុមហ៊ុនខនហ្វីរេលសម្រាប់ផលិតផលសរីរាង្គដែលទទួលស្គាល់នៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ គួររម្លឹកផងដែរថា កាលពីខែតុលា ២០២៣ Ecocert SA ក៏បានផ្តល់វិញ្ញាបនបត្រសរីរាង្គ ដូចគ្នានេះដែរសម្រាប់បទដ្ឋានស្តង់ដារប្រទេសជប៉ុន។
Ecocert SA ដែលមានការិយាល័យនៅប្រទេសបារាំង ធ្វើការផ្តល់វិញ្ញាបនបត្រទៅដល់ប្រទេសចំនួន១៣០ និងនៅតែជាដៃគូសហការរបស់ក្រុមហ៊ុនខនហ្វីរេលជារៀងរហូតមកសម្រាប់វិញ្ញាបនបត្រផលិតផលសរីរាង្គរបស់ក្រុមហ៊ុន។ នៅលើទំព័រអ៊ីនធើណេតរបស់ខ្លួន ក្រុមហ៊ុន Ecocert SA បានបញ្ជាក់ថា ក្រុមហ៊ុនគាំទ្រដល់រាល់ការផលិតទាំងឡាយណាដែលគោរពប្រព័ន្ធអេកូឡូស៊ី ដែលគ្រប់គ្រងធនធានធម្មជាតិ (ទឹក ខ្យល់ និងជីរជាតិដីជាដើម) និងថាមពលស្អាត គាំទ្រក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម និងផលិតផលដែលមានគុណភាព សុវត្ថិភាពដែលជាធាតុដ៏ចាំបាច់ឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានបច្ចុប្បន្ន ដើម្បីឈានទៅកសាងពិភពលោកមួយថ្មីទៅថ្ងៃអនាគត៕