កាលបរិច្ឆេទ: ០៦ កញ្ញា ២០២១ / សុខភាព
កាលពីខែសីហាកន្លងទៅថ្មីៗនេះ អង្គការយូនីសេហ្វទើបតែចុះផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា«វិបត្តិអាកាសធាតុគឺជាវិបត្តិនៃសិទ្ធិកុមារ។ ការណែនាំអំពីសន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារ»។ របាយការណ៍នោះធ្វើការវិភាគយ៉ាងលម្អិតលើកទីមួយអំពីហានិភ័យដែលបង្កឡើងដោយវិបត្តិអាកាសធាតុទៅលើកុមារ។
នេះជាលើកទីមួយហើយដែលអង្គការដាក់ចំណាត់ថ្នាក់ប្រទេសនានាទៅតាមការប្រឈមនឹងភាពងាយរងគ្រោះរបស់កុមារដោយសារវិបត្តិអាកាសធាតុ និងបរិស្ថាន ហើយប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ទី៤៦ ក្នុងចំណោម១៦៣ប្រទេសនៅលើពិភពលោក។
(សូមចូលមើលផែនទីចំណាត់ថ្នាក់ពិភពលោកនៅលើគេហទំព័រនេះ)https://experience.arcgis.com/experience/0d9d2209bf104584a65e012b03b6d3f8/)។
មានន័យថា ប្រទេសចំនួន១១៧ក្នុងចំណោមប្រទេសទាំង១៦៣ស្ថិតនៅក្នុងលំដាប់ថ្នាក់ល្អជាងប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ បើតាមរបាយការណ៍ កុមារកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃវិបត្តិកង្វះទឹក វិបត្តិគ្រោះទឹកជំនន់ និងជំងឺឆ្លងតាមមេរោគចម្លង។
ប៉ុន្តែរបាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ការវិនិយោគលើសេវាសង្គមជាពិសេស លទ្ធភាពទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ និងទឹកស្អាត ទទួលបានអនាម័យក្នុងការរស់នៅ ទទួលបានសេវាសុខភាព អាហារូបត្ថម្ភ ការអប់រំ និងសេវាកម្មគាំពារសង្គម អាចជួយបានមួយផ្នែកធំក្នុងការធានាឲ្យកម្ពុជាគេចផុតពីហានិភ័យនៃផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។
នាយិការអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា មានប្រសាសន៍ថ្លែងថា វិបត្តិអាកាសធាតុគឺជាវិបត្តិនៃសិទ្ធិកុមារ ព្រោះវាគំរាមកំហែងដល់សុខភាព និងសុខុមាលភាពរបស់កុមារក្នុងកម្រិតដែលមនុស្សជាតិពុំធ្លាប់ជួបកន្លងមក។ លោកស្រីនាយិកាមានប្រសាសន៍បន្ថែមទៀតថា៖ «យើងត្រូវវិនិយោគលើសេវាកម្មនានាដែលជាប់ពាក់ព័ន្ធនឹងជីវិតរស់នៅ និងការលូតលាស់របស់កុមារ ពោលគឺវិនិយោគលើប្រព័ន្ធ និងសេវាកម្មដ៏រឹងមាំទាំងឡាយណាដែលចូលរួមចំណែកការពារអនាគតរបស់កុមារឲ្យគេចផុតពីផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិអាកាសធាតុ និងបរិស្ថាន»។
ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ឯកឧត្តមនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្វើការកត់សម្គាល់ថា រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋចំនួនបួនដងរួចមកហើយក្នុងអំឡុងពេលប្រាំបីឆ្នាំកន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលនៃអាកាសធាតុ។ បើតាមប្រសាន៍របស់ឯកឧត្តម ការវិនិយោគដែលមានទឹកប្រាក់សរុបប្រមាណ៩០០លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាត្រូវបានគ្រោងទុកសម្រាប់គម្រោងរយៈពេលប្រាំឆ្នាំដែលបង្កើតឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ដោយមានការចូលរួមពីសំណាក់ក្រសួង និងស្ថាប័នប្រមាណ១៤ស្ថាប័ន។ ឯកឧត្តមនេត្រ ភក្រ្តា សង្កត់ធ្ងន់ថា៖ «កម្ពុជាមិនមែនជាដើមចមដែលបង្កឲ្យមានបម្រែបម្រួលអាកាសធាតុនោះទេ ប៉ុន្តែកម្ពុជាក៏គេចមិនផុតពីទទួលផលប៉ះពាល់ដែរ។ ដូច្នេះកម្ពុជាត្រូវតែជាប្រទេសមួយដែលប្រយុទ្ធប្រឆាំងយ៉ាងសកម្មនឹងការផ្លាស់ប្តូរអាកាសធាតុ និងត្រូវតែជាប្រទេសមួយដែលពិភពលោកទទួលស្គាល់ថាបានធ្វើសកម្មភាពនេះផងដែរ»៕