គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់គីណាល់ និងពានរង្វាន់ត្នោតមាសឆ្នាំ២០២៦ ត្រូវបានផ្តល់ដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យផ្នែកវិទ្យាសាស្រ្ត

កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / ជិវិត និងសង្គម / Author : ATH Sokren

នៅចំពោះមុខអ្នកចូលរួមប្រមាណជិត៣០០នាក់ មូលនិធិគីណាល់បានប្រកាសអ្នកឈ្នះពានរង្វាន់គីណាល់លើកទី១៤ និងពានរង្វាន់ត្នោតមាសលើកទី៦ (ពានរង្វាន់ត្នោតមាសឆ្នាំ២០២៦) កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះ។ កម្មវិធីត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលរបស់មូលនិធិគីណាល់ ដែលស្ថិតក្នុងបរិវេណរោងចក្ររបស់ក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលនៅសង្កាត់ចោមចៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកែ គី រដ្ឋលេខាធិការតំណាងឯកឧត្តមហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល។

 ប្រធានបទផ្តោតទៅលើប្រូប៊ីយ៉ូទិក

ការប្រកួតដណ្តើមពានរង្វាន់ទាំងពីរប្រភេទសម្រាប់ឆ្នាំ២០២៦នេះ មានចំណុចរួមមួយគឺផ្តោតទៅលើការសិក្សាស្រាវជ្រាវលើភេសជ្ជៈ និងចំណីអាហារប្រូប៊ីយ៉ូទិក ផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក។ សម្រាប់ពានរង្វាន់ត្នោតមាស ប្រធានបទគឺ៖ «ការច្នៃប្រឌិតភេសជ្ជៈប្រូប៊ីយ៉ូទិកប្រកបដោយនវានុវត្តន៍ ចេញពីវត្ថុធាតុដើមក្នុងស្រុកនៅប្រទេសកម្ពុជា» ចំណែកឯប្រធានបទសម្រាប់ពានរង្វាន់គីណាល់គឺ៖ «ទំនាក់ទំនងរវាងភេសជ្ជៈប្រូប៊ីយ៉ូទិកផលិតនៅកម្ពុជា និងសុខុមាលភាពទូទៅរបស់ប្រជាជន»។ ប្រធានបទនេះត្រូវបានជ្រើសរើសឡើងដើម្បីប្រមូលផ្តុំវិស័យបីដែលបានបែកខ្ញែកគ្នាជាយូរមកហើយ នោះគឺវិស័យកសិកម្ម ការកែច្នៃកសិ-ចំណីអាហារ និងសុខភាពសាធារណៈ។

ជ័យលាភីពានរង្វាន់គីណាល់លើកទី១៤

- ជ័យលាភីលេខមួយបានទៅលើការងារស្រាវជ្រាវស្តីពី៖ «លក្ខណៈសម្បត្តិរបស់សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែញរត្រាំ ដែលមានប្រភពមកពីតំបន់ក្នុងស្រុកនៃប្រទេសកម្ពុជា និងឥទ្ធិពលរបស់វាទៅលើគុណភាពនៃការគេង។ របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ។

- ជ័យលាភីលេខពីរបានទៅលើការងារស្រាវជ្រាវស្តីពី៖ «ការសិក្សាស្រាវជ្រាវអំពីការយល់ឃើញរបស់អ្នកប្រើប្រាស់ អាកប្បកិរិយា ការយល់ឃើញអំពីសុខុមាលភាព និងឥរិយាបថប្រើប្រាស់របស់ប្រជាជននៅក្នុងខេត្តសៀមរាប ទៅលើភេសជ្ជៈប្រូបាយអូទិតដែលដាំដុះ និងផលិតនៅក្នុងប្រទេសកម្ពុជាមកលើរាងកាយ» របស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

- ជ័យលាភីលេខបីបានទៅលើការងារស្រាវជ្រាវស្តីពី៖«ការវាយតម្លៃសុខភាពប្រព័ន្ធរំលាយអាហាររបស់និស្សិតសាកលវិទ្យាល័យ ទាក់ទងនឹងការប្រើប្រាស់ភេសជ្ជៈប្រូបាយអូតិចដែលចម្រាញ់ចេញពីរុក្ខជាតិដែលទុកឲ្យកាច់មេ នៅក្នុងប្រទេសកម្ពុជាៈ ការសិក្សាបែបវិធីសាស្ត្រចម្រុះ» របស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ជ័យលាភីពានរង្វាន់ត្នោតមាសលើកទី៦

- ជ័យលាភីលេខមួយបានទៅលើការងារស្រាវជ្រាវស្តីពី៖«ប្រូបាយអូទិចពីសាច់ស្វាយចន្ទី និងយ៉ាអួរប្រូបាយអូទិចពីគ្រាប់ស្វាយចន្ទី» របស់ក្រុមនិស្សិតចំនួនប្រាំនាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលដឹកនាំដោយកញ្ញាវុធ សូម៉ាលី។

- ជ័យលាភីលេខពីរបានទៅលើការងារស្រាវជ្រាវស្តីពី៖«ការអភិវឌ្ឍភេសជ្ជៈប្រូបាយអូទិកពីផ្កាម្ជូរព្រឹក្ស (Hibiscus sabdariffa L.) និងសំបកម្នាស់»  របស់ក្រុមនិស្សិតចំនួនប្រាំនាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលដឹកនាំដោយកញ្ញាគន្ធ សុវណ្ណលីហ្សា។

- ជ័យលាភីលេខបីបានទៅលើការងារស្រាវជ្រាវស្តីពី៖« ការបង្កើតភេសជ្ជៈប្រូប៊ីយូទិកប្រកបដោយភាពច្នៃប្រឌិត ចេញពីវត្ថុធាតុដើមនៅក្នុងស្រុកស្របតាមយុគសម័យទំនើប Golden CoCo» របស់ក្រុមនិស្សិតចំនួនប្រាំមួយនាក់មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលដឹកនាំដោយតុល ម៉េងលាង។

ជ័យលាភីទាំង​ប្រាំមួយក្រុមមក​ពី​ស្ថាប័ន​ឧត្តមសិក្សា​ចំនួន​ប្រាំមួយ​ផ្សេង​គ្នា ត្រូវ​បាន​ជ្រើសរើស​បន្ទាប់​ពី​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរ​លើក គឺ​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា សម្រាប់​ពាន​រង្វាន់ត្នោតមាស និង​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា សម្រាប់​ពាន​រង្វាន់គីណាល់ ដែល​ក្រុម​នីមួយៗ​បាន​ប្រកួត​គ្នាជាមួយប្រាំបួនក្រុមទៀត ​តាមរយៈការឡើង​ការពារ​ការងារស្រាវជ្រាវ​របស់ខ្លួន​នៅ​ចំពោះ​មុខ​គណៈមេប្រយោគ​ឯករាជ្យ។ ការប្រកាសលទ្ធផលត្រូវបានធ្វើឡើងដោយលោកសាស្ត្រាចារ្យរងតុល ប៊ុនគា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលជាប្រធានគណៈមេប្រយោលសម្រាប់ពានរង្វាន់គីណាល់ និងដោយលោកឡៅ រាសី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈមេប្រយោគសម្រាប់ពានរង្វាន់ត្នោតមាស។

«មិនត្រូវបញ្ឈប់ត្រឹមមន្ទីរពិសោធន៍នោះទេ»

នៅក្នុងសុន្ទរកថារបស់លោក ឯកឧត្តមកែ គី បានអំពាវនាវយ៉ាងច្បាស់ៗដល់អ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាថា៖ «យើងត្រូវតែធានាថាលទ្ធផលស្រាវជ្រាវនាំទៅរកការអនុវត្តជាក់ស្តែង ពោលគឺការបង្កើតផលិតផលថ្មី បច្ចេកវិទ្យាថ្មី អាជីវកម្មថ្មី ការងារថ្មី និងតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ»។ ឯកឧត្តមយល់ឃើញថា ការផ្តល់​ឱកាស​ដល់​និស្សិត​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​អនុវត្ត​លើ​ធនធាន​ក្នុងស្រុកដូចជាគ្រាប់​ស្វាយចន្ទី ស្វាយ ម្នាស់ ផ្កាម្ជូរព្រឹក្ស ទឹកត្នោតជាដើមគឺជា «ការវិនិយោគ​លើ​អនាគត​របស់​ប្រទេស»។

ចំណែកឯលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានគូសបញ្ជាក់ពីវឌ្ឍនភាពចាប់តាំងពីការបង្កើតពានរង្វាន់គីណាល់ក្នុងឆ្នាំ២០១៣ និងពានរង្វាន់ត្នោតមាសក្នុងឆ្នាំ២០១៨ ថា៖ «ជារៀងរាល់ឆ្នាំ ពានរង្វាន់ទាំងពីរនេះបង្ហាញយើងថា យុវជនខ្មែរមានសមត្ថភាពកែច្នៃធនធានធម្មជាតិនៅក្នុងស្រុកទៅជាដំណោះស្រាយជាក់ស្តែងសម្រាប់សុខភាព និងសម្រាប់ការអភិវឌ្ឍនៅតាមជនបទ»។ លោក​បាន​បន្ថែម​ថា ចាប់ពីពេលនេះតទៅ ការ​ងារស្រាវជ្រាវទាំង​នេះ​ត្រូវ​តែ​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត ដោយ​ផ្លាស់​ប្តូរ​ពី​មន្ទីរពិសោធន៍​ទៅជា​ផលិតផល បន្ទាប់​មក​ទៅជា​ទីផ្សារ រួម​ទាំង​ការ​នាំ​ចេញ​ផង​ដែរ។

ថាមពលដែលមិនថមថយ

បើគិតចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន ពានរង្វាន់គីណាល់ប្រមូលបានបេក្ខជនជាង២.៤៤៣នាក់ ត្រូវជា៤៦៨ក្រុម ហើយក្រុមដែលឈ្នះសរុបមានចំនួន៣៩ក្រុមដែលមាននិស្សិតចំនួន ១៨៣នាក់។ ទន្ទឹមនឹងនេះ ពានរង្វាន់ត្នោតមាសដែលបានចាប់ផ្តើមនៅឆ្នាំ២០១៨ សម្រាប់និស្សិតផ្នែកកសិកម្ម និងផ្នែកកែច្នៃកសិ-ចំណីអាហារ រហូតមកទល់ពេលនេះបានទាក់ទាញបេក្ខជនជាង១.១៣៦នាក់ ត្រូវជា១៨១ក្រុម និងមានអ្នកឈ្នះចំនួន២៤ក្រុម (១៤៤នាក់) មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន១១។